Arsenal នឹងបើកទ្វារកីឡដ្ឋាន Emirates ដើម្បីទទួលក្រុមភ្ញៀវ Fulham ដែលជាការប្រកួតទីបីក្នុងក្របខ័ណ្ឌ Premier League នៅយប់ថ្ងៃសៅរ៍។
ជ័យជម្នះលើ Nottingham Forest និង Crystal Palace បានផ្តល់ឱ្យ Arsenal និងលោក Mikel Arteta នូវការចាប់ផ្តើមដ៏ល្អឥតខ្ចោះ សម្រាប់រដូវកាលថ្មីនេះ។
Arsenal មានឱកាសដើម្បីបន្តការឈ្នះរបស់ពួកគេបន្ថែមទៀត សម្រាប់ការមកលេងរបស់ក្រុមភ្ញៀវ Fulham ហើយពួកគេចាញ់តែម្តងគត់ពីការលេងក្នុងទឹកដី ៩ប្រកួតចុងក្រោយ។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន Fulham ត្រូវបាន Brentford យកឈ្នះក្នុងទឹកដីដោយលទ្ធផល ៣-០ ។ ជាការពិតណាស់ ឥឡូវនេះ Fulham ប្រកួតឈ្នះត្រឹមតែ ៣ប្រកួតប៉ុណ្ណោះ ពីការលេង ៩ប្រកួតចុងក្រោយ។
លើសពីនេះ Fulham ប្រកួតចាញ់ក្រៅទឹកដី ៥ប្រកួតក្នុងចំណោម ៨ប្រកួតចុងក្រោយ។
ការព្យាករណ៍ : Arsenal បានបង្ហាញពីទម្រង់លេងល្អដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងកីឡដ្ឋាន Emirates នាពេលថ្មីៗនេះ។ ការប្រកួតនេះ ហាក់ដូចជានឹងផ្តល់ជ័យជម្នះដ៏ងាយស្រួលមួយផ្សេងទៀត សម្រាប់ក្រុមកាំភ្លើងធំ ដោយប្រហែលជាមិនមានរបូតគ្រាប់បាល់ទៀតផង។ ដូច្នេះជម្រើសចម្បងរបស់យើង សម្រាប់ការប្រកួតនេះ គឺ Arsenal ឈ្នះ៕