កីឡាករ Abdoulaye Doucoure និយាយថាគាត់មិនសមនឹងត្រូវបានគេហៅថាវីរបុរស សម្រាប់ Everton បន្ទាប់ពីគ្រាប់បាល់ជ័យជម្នះរបស់គាត់ដែលបានជួយសង្គ្រោះពួកគេពីការកាត់ចេញពី Premier League នោះទេ។
Doucoure បានស៊ុតបញ្ចូលទីនៅតង់ទីពីរ ខណៈដែល Everton យកឈ្នះ Bournemouth 1-0 ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៃរដូវកាលនេះ ដើម្បីធានាថាពួកគេបន្តនៅ Premier League មួយរដូវកាលទៀត។ ទោះជាយ៉ាងណាក៏ដោយ ខ្សែបម្រើរូបនេះមិនមានអារម្មណ៍ចង់យកកិត្តិយសក្នុងនាមជាអ្នកសង្គ្រោះក្រុមរបស់គាត់ទេ ខណៈដែលគាត់បានជំរុញឲ្យកីឡាករមិត្តរួមក្រុមរបស់គាត់កាន់តែប្រសើរឡើងនៅរដូវកាលក្រោយ។
គាត់បាននិយាយទៅកាន់ BBC Sport ថា "កុំគិតអ្វីវែងឆ្ងាយអី។ ខ្ញុំមិនមែនជាវីរបុរសទេ។ គ្មាននរណាម្នាក់នៅទីនេះជាវីរបុរសនោះទេ។ យើងសុទ្ធជាកីឡាកររបស់ក្លិបបាល់ទាត់ Everton ហើយយើងត្រូវធ្វើឲ្យបានល្អជាងនេះទៅទៀត។ យើងត្រូវដឹងពីកំហុសដែលយើងបានធ្វើនៅរដូវកាលនេះ។ មនុស្សគ្រប់គ្នាបានបង្ហាញនូវភាពស្វាហាប់នៅចុងបញ្ចប់ ប៉ុន្តែរដូវកាលក្រោយ យើងត្រូវត្រលប់មកវិញឲ្យកាន់តែរឹងមាំ និងធ្វើឲ្យ Everton លេងបានល្អជាងរដូវកាលនេះ"៕