លោក Erik ten Hag កំពុងស្ថិតក្នុងដំណើរការកំណត់គោលដៅផ្ទេរសម្រាប់ Manchester United ទុកសម្រាប់រដូវកាលក្រោយ ហើយនិយាយថា ការតែងតាំងប្រធានក្លិបថ្មីនឹងមិនប៉ះពាល់ដល់ផែនការទាំងនោះទេ។
គ្រូបង្វឹកសញ្ជាតិហូឡង់បានសារភាព គាត់ថាមិនបានដឹងពីកញ្ចប់ថវិការបស់គាត់ដែលនឹងត្រូវចំណាយសម្រាប់រដូវក្តៅនេះទេ ដោយវានៅតែមិនទាន់ច្បាស់ថាតើអ្នកណាជាអ្នកចុះហត្ថលេខាលើសែកប្រាក់ទាំងនោះនៅឡើយ។ គ្រួសារ Glazer បានបើកចំហស្តាប់សំណើរដេញថ្លៃ ដោយលោក Sir Jim Ratcliffe និង Sheikh Jassim Bin Hamad Al Thani បានដាក់ការដេញថ្លៃជាប្រាក់ដ៏ធំនៅលើតុ ប៉ុន្តែគ្មានកិច្ចព្រមព្រៀងណាមួយ បានឈានដល់ចំណុចចុងក្រោយនោះទេ។ នោះគឺជារឿងដ៏ស្មុគស្មាញសម្រាប់ Ten Hag ប៉ុន្តែគាត់ទទូចថា កញ្ចប់ថវិការបស់គាត់គឺនឹងមានជានិច្ច ដោយមិនគិតថាអ្នកណាជាអ្នកកាន់តំណែងនោះឡើយ។
នៅពេលដែលត្រូវបានសួរអំពីដំណើរនៃការរៀបចំនាំយកកីឡាករថ្មី Erik ten Hag បានឆ្លើយទាំងឥតលាក់លៀមថា “បាទ នោះហើយជាអ្វីដែលខ្ញុំកំពុងធ្វើ ហើយនោះជាការងាររបស់យើង។ រដូវកាលនេះយើងបានសម្រេចនូវថាមពល និងការផ្តោតអារម្មណ៍របស់យើង ប៉ុន្តែជាការពិតណាស់ យើងក៏កំពុងរៀបចំផែនការសម្រាប់អនាគតផងដែរ សម្រាប់រដូវកាលក្រោយ។ ខ្ញុំបានមកទីនេះ នៅចុងបញ្ចប់នៃ រដូវកាលមុន ហើយយើងបាននិយាយអំពីអ្វីដែលយើងអាចធ្វើនៅក្នុងក្រុម តើយើងអាចធ្វើអ្វីបាននៅក្នុងទីផ្សារដោះដូរកីឡាករ។ ហើយកាលពីឆ្នាំមុន ក្លិបបានបញ្ជាក់ថាពួកគេអាចធ្វើបាន។ ដូច្នេះសម្រាប់ខ្ញុំ ខ្ញុំមិនគិតថាមានអ្វីផ្លាស់ប្តូរទេ ហើយក្នុងរដូវក្ដៅនេះ យើងក៏អាចធ្វើបានដូចគ្នា"៕