Paul Pogba មិនអាចធ្វើអ្វីបានក្រៅពីសម្រក់ទឹកភ្នែក ខណៈដែលរូបគេបានរងរបួសត្រឹមតែ ២៣នាទីប៉ុណ្ណោះ ក្នុងការចាប់ផ្តើមដំបូងរបស់គាត់ ក្នុងរយៈពេលជាងមួយឆ្នាំ ក្នុងការប្រកួតដែលសេះបង្កង់ Juventus ជួបជាមួយក្រុមបាតតារាង Cremonese។
ខ្សែបម្រើរូបនេះ ត្រូវបានកោះហៅចូលជម្រើសដំបូងជាលើកទីមួយក្នុងរយៈពេល ៣៩០ថ្ងៃ ដោយសារបញ្ហារបួសបានញាំញីរដូវកាលរបស់គាត់ចាប់តាំងពីការត្រលប់ទៅ Juventus កាលពីរដូវក្តៅមុន។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានជួបរឿងមិនគួរជួបម្តងទៀតក្នុងតង់ទីមួយ ដោយទាមទារការព្យាបាល មុនពេលបង្ខំចិត្តប្តូរចេញពីការប្រកួត ខណៈដែល Arkadiusz Milik ជាអ្នកជំនួស។
បើមើលទៅតាមស្ថានភាពក្នុងទីលាន Pogba បានដួលហើយជាប់ការសង្ស័យថាមានរបួសសាច់ដុំកំភួនជើង ហើយទំហំនៃបញ្ហានេះនឹងត្រូវបានវាយតម្លៃនៅប្រមាណ ២៤ម៉ោង ក្រោយការត្រួតពិនិត្យរបស់ក្រុមគ្រូពេទ្យ។ គួររំលឹកផងដែរថា ការប្រកួតមួយនេះគឺគ្រាន់តែជាលើកទី ១០ប៉ុណ្ណោះ ដែលកីឡាករជម្រើសជាតិបារាំងរូបនេះ បានបង្ហាញខ្លួនក្នុងរដូវកាល 2022-2023៕