លោក Pep Guardiola និយាយថា កីឡាករ Manchester City របស់គាត់ប្រឈមការហត់នឿយជាខ្លាំង នៅពេលដែលគាត់បានបន្ទាបឱកាសរបស់ពួកគេ ក្នុងការឈ្នះពានរង្វាន់ធំៗបី នៅរដូវកាលនេះ។
ក្រុមរបស់លោក Guardiola បានកក់កៅអីមួយក្នុងវគ្គបួនក្រុមចុងក្រោយ នៃក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ ហើយក៏ទើបតែបានបំបាក់ Sheffield United ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រពាន FA Cup កាលពីពេលថ្មីៗនេះផង។ ក្តីសង្ឃឹមរបស់ Man City ក្នុងការរក្សាតំណែងជើងឯក Premier League បានទទួលការជំរុញកាលពីថ្ងៃសុក្រផងដែរ ខណៈដែលក្រុមកំពូលតារាង Arsenal បានស្មើជាមួយនឹងក្រុម Southampton ។ Man City អាចជាក្រុមដំបូងគេដែលអាចលើកពានធំៗអង់គ្លេស និងអឺរ៉ុបដំណាលគ្នាចាប់តាំងពី Manchester United ធ្វើវាក្នុងឆ្នាំ១៩៩៩ ប៉ុន្តែលោក Guardiola មានទុទិដ្ឋិនិយមចំពោះឱកាសរបស់ពួកគេក្នុងការធ្វើរឿងដ៏មហិមាបែបនេះ។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយទៅកាន់អ្នកសារព័ត៌មាននៅពេលសួរថាតើក្រុមរបស់គាត់មានសមត្ថភាពលើកពាន 3 ក្នុងមួយរដូវកាលបានរឺទេ ដោយឲ្យដឹងថា "ខ្ញុំនឹងនិយាយជាមួយអ្នកអំពីវាបន្ទាប់ពីយើងបានឈ្នះ FA Cup និង Premier League ។ មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League យើងនឹងចាប់ផ្តើមនិយាយអំពីលទ្ធភាពហើយក្រឡេកមើលថាវាឆ្ងាយប៉ុណ្ណា។ យើងនៅឆ្ងាយខ្លាំងណាស់ ហើយនៅក្នងប្រទេសមួយនេះមានតែក្រុមអ្នកជិតខាងមួយតែប៉ុណ្ណោះដែលអាចធ្វើបាន ហើយកំណត់ត្រានេះបានរក្សាមករាប់ទស្សវត្សមកហើយ"៕