កិច្ចសន្យារបស់ខ្សែបម្រើប្រយុទ្ធ James Rodriguez ជាមួយនឹងក្លិបក្រិក Olympiacos ត្រូវបានក្លិបផ្តាច់ បន្ទាប់ពីការចូលរួមត្រឹមរយៈពេល ៨ខែ ដោយពេលនេះតារាឆ្នើមនៅការប្រកួត World Cup 2014 ត្រូវក្លាយខ្លួនជាកីឡាករគ្មានក្លិបលេង។
អតីតខ្សែបម្រើរបស់ Real Madrid វ័យ ៣១ឆ្នាំរូបនេះ បានចូលរួមជាមួយ Olympiacos នៅដើមរដូវកាល 2022-2023 ហើយបានបង្ហាញខ្លួនរហូតទៅដល់ ២៣ប្រកួតសម្រាប់ក្លិប។ ក្នុងកំឡុងពេល ៨ខែនេះ James រកបាន ៥គ្រាប់ ក៏ដូចជាបានបញ្ជូនឲ្យដៃគូស៊ុតចូលចំនួន ៦ដងផងដែរ មុនពេលដែលក្លិបសម្រេចផ្តាច់កុងត្រាទាំងមិនមានមូលហេតុច្បាស់លាស់។
ថ្វីត្បិតតែរូបគេមិនបានលេងចាប់តាំងពីខែកុម្ភៈមក ដោយសារបញ្ហារបួសពិតមែន ប៉ុន្តែបើយោងទៅតាមការរាយការណ៍ជាច្រើន បានលើកឡើងថា ក្លិបនៅតួកគី រួមមាន Galatasaray នឹង Besiktas សុទ្ធតែបានធ្វើការទាក់ទងជាមួយ James Rodriguez រួចជាស្រេច៕