Real Madrid មានដំណើរការប្រកួតរង្គោះរង្គើ ហើយទីបំផុតពួកគេបានទទួលបរាជ័យជាលើកដំបូង ក្នុងក្របខណ្ឌ La Liga ដោយប្រកួតចាញ់ Rayo Vallecano កាលពីថ្ងៃចន្ទ។ ពួកគេនឹងសម្លឹងរកការត្រឡប់យកជ័យជម្នះមកវិញ នៅពេលដែលពួកគេត្រូវធ្វើជាម្ចាស់ផ្ទះពេលប៉ះជាមួយ Cadiz នៅថ្ងៃព្រហស្បតិ៍នេះ។
លទ្ធផលនៃការប្រកួតចាញ់នោះបានធ្វើឱ្យ Real Madrid បច្ចុប្បន្នធ្លាក់មកឈរនៅលេខទី២ មាន៣២ពិន្ទុ ដោយតាមពីក្រោយក្រុមកំពូលតារាង Barcelona ចំនួន២ពិន្ទុ។ ផ្ទុយពីនេះវិញCadiz ឈរនៅលេខរៀងទី២ ពីបាតតារាងដោយមាន១១ពិន្ទុ។
តំបន់មួយដែលធ្វើឱ្យ Real Madrid មានការព្រួយបារម្ភខ្លាំង គឺតំបន់ការពារ ហើយប្រហែលជាពិបាកក្នុងតំបន់ប្រយុទ្ធ ព្រោះកីឡាករសំខាន់ Karim Benzema ត្រូវរបួស។ ក្រុមយក្សរបស់អេស្ប៉ាញ នឹងរីករាយក្នុងការស្វាគមន៍ការត្រលប់មកវិញរបស់ Toni Kroos ដែលត្រូវបានបំរុងសម្រាប់ការប្រកួតជាមួយ Rayo ប៉ុន្តែ Antonio Rudiger ត្រូវអវត្តមានមិនបានចូលរួមការប្រកួតនេះ ដោយសារត្រូវរបួស។
Cadiz ធ្វើមិនបានល្អប៉ុន្មាននោះទេ ពួកគេចូលមកក្នុងការប្រកួតនេះ ជាមួយនឹងការប្រកួតឈ្នះតែ១ប្រកួតគត់ ក្នុងចំណោមការប្រកួត៧លើកចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេប្រកួតចាញ់តែ១ប្រកួតគត់ ក្នុងការប្រកួតទាំង៧នោះ។
ក្នុងជំនួបរវាងក្រុមទាំងពីរ ការប្រកួត៣ក្នុងចំណោម ៥ប្រកួតចុងក្រោយ ក្រុមទាំងពីរបានស៊ុតបាល់បញ្ចូលទីគ្នាទៅវិញទៅមក ប៉ុន្តែនៅក្រៅដី Cadiz មិនបានទទួលជ័យជម្នះទាល់តែសោះ ក្នុងជំនួប៣ប្រកួតចុងក្រោយនេះ។
ការព្យាករណ៍ : នៅក្នុងជំនួបថ្មីរវាងពួកគេ Cadiz បានបិទ Real Madrid ហើយពួកគេមិនបានប្រកួតចាញ់នោះទេ ក្នុង២ប្រកួតចុងក្រោយ ហើយប្រកួតចាញ់ Real Madrid តែមួយប្រកួតគត់ ក្នុងការប៉ះគ្នា៥ប្រកួតចុងក្រោយ។ ក្រុមទាំងពីរបានស៊ុតបញ្ចូលទី ក្នុងការប្រកួតចំនួន៣ ក្នុងចំណោម៥ប្រកួតចុងក្រោយ ហើយក៏ដូចគ្នាទៅនឹង Real Madrid ផងដែរ។ ដោយសារដំណើរការប្រកួតរបស់ភាគីទាំងពីរ មុននឹងចូលមកក្នុងការប្រកួតនេះ យើងជឿជាក់ថាក្រុមទាំងពីរ នឹងមានការស៊ុតបញ្ចូលទីទៅវិញទៅមក ហើយជ័យជម្នះនឹងបានទៅលើ Real Madrid៕