Everton បានគ្រប់គ្រងស្ថានការណ៍យ៉ាងល្អ ហើយគ្រោងនិងបន្តទម្រង់លេងល្អ ក្នុងជំនួបទល់នឹង Manchester United។ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ ក្រុមស្ករគ្រាប់ Everton ហាក់ត្រដាបត្រដួសដោយត្រូវស្ថិតក្នុងតំបន់កាត់ចោល ប៉ុន្តែពេលនេះគេអាចឡើងមកឈរនៅចំណាត់ថ្នាក់លេខ១១ យ៉ាងសុវត្ថិភាព។
បច្ចុប្បន្ន Everton មាន១០ពិន្ទុឆ្លងកាត់ការប្រកួត៨លើក ដោយត្រូវប៉ះ Manchester United ដែលមាន១២ពិន្ទុក្នុងដៃក្រោយប្រកួត៧ដង។ ក្រុមបិសាចក្រហម Man Utd ទើបតែបញ្ចប់ភារកិច្ចនៅ UEFA Europa League ជាមួយនិងជ័យជម្នះយ៉ាងវេទនា ៣:២ ទៅលើក្រុម Omonia Nicosia មកពីប្រទេសសាយព្រុស ខណៈដែល Everton មិនមានការប្រកួតពាក់កណ្តាលសប្តាហ៍អ្វីនោះទេ ធ្វើឲ្យកម្លាំងកីឡាករនៅពេញលេញ។
Everton ឈ្នះ២ប្រកួតជាប់ៗគ្នា ដោយប្រកួតចុងក្រោយយកឈ្នះ Southampton ២:១។ ៧ប្រកួតចុងក្រោយរបស់ Everton គឺមិនមានពាក្យបរាជ័យសូម្បីតែម្តង ពោលគឺឈ្នះ៣ប្រកួត ស្មើ៤ប្រកួត។ ថ្វីត្បិតតែមិនសូវអាចរក្សាសំណាញ់ទីបាន ប៉ុន្តែក្រុមមួយនេះក៏បានស៊ុតសងទៅវិញជាញឹកញាប់ផងដែរ។
ដោយឡែកក្រុម Manchester United ហាក់កំពុងតែមានវិបត្តិការពារជាទម្ងន់ ដោយ៥ប្រកួតកន្លងទៅ Man Utd អាចរក្សាសំណាញ់ទីបានតែម្តងគត់។ អ្វីដែលកាន់តែលំបាកនោះគឺ Man Utd ធ្លាយរហូតដល់ទៅ៨គ្រាប់ ក្នុងការប្រកួត២លើកចុងក្រោយ។ ការប្រកួតក្នុងលីកចុងក្រោយរបស់ Manchester United គឺបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើង Manchester City ក្នុងលទ្ធផល ៦:៣។
Everton ក្នុងនាមជាម្ចាស់ផ្ទះ អាចនិងអវត្តមាន Yerry Mina និង Ben Gotfrey ខណៈខ្សែប្រយុទ្ធ Dominic Calvert-Lewin អាចនិងមានឈ្មោះចូលលេងក្រោយខកខានដោយសារបញ្ហារបួសជាយូរលង់មកហើយ។ សម្រាប់ក្រុមភ្ញៀវ Harry Maguire និង Raphael Varane មិនមានឈ្មោះចូលលេងឡើយដោយសារបញ្ហារបួស។ យ៉ាងណាក្តី កីឡាករសញ្ជាតិបារាំង Anthony Martial មានសង្ឃឹមជាប់ជម្រើសដំបូង ក្រោយរកបាន៣គ្រាប់ក្នុងការបង្ហាញខ្លួន២ប្រកួតក្នុងនាមជាកីឡាករបម្រុង។
ចំណុចសំខាន់ដែលត្រូវដឹងសម្រាប់ក្រុមទាំងពីរនោះគឺ Everton មិនដែលចាញ់៧ប្រកួតជាប់គ្នាមកហើយ។ លើសពីនេះ Everton អាចស៊ុតចូល៥ប្រកួត ក្នុងចំណោម៧ប្រកួតចុងក្រោយ។ ៥ក្នុងចំណោម៩ប្រកួត នៃជំនួបរវាងក្រុមទាំងពីរ ទាំង Everton និង Manchester United សុទ្ធតែធ្លាប់ស៊ុតចូលគ្នាទៅវិញទៅមក។ Manchester United វិញ ចាញ់២ដងមកហើយ គិតត្រឹម៥ប្រកួតចុងក្រោយរបស់គេ។
សម្រាប់ការព្យាករណ៍ : បិសាចក្រហមអាចវាយបកយកឈ្នះ Omonia ទាំងដែលត្រូវបានគេនាំមុខមុន ដែលបង្ហាញពីការស្រេកឃ្លានរកគ្រាប់បាល់ កំឡុងពេលដែល Everton នៅតែអាចបន្តរក្សាទម្រង់លេងបានយ៉ាងល្អ។ យ៉ាងណាមិញ ក្រុមទាំងពីរសុទ្ធតែមានបញ្ហាខ្សែការពារដូចគ្នា ដូចនេះការប្រកួតយប់នេះ ក្រុមទាំងពីរអាចនិងស៊ុតបញ្ចូលទីគ្នាទៅវិញទៅមក៕