ចាប់ពីពេលនេះទៅ សហព័ន្ធកីឡាបាល់ទះកម្ពុជាមានគម្រោងបញ្ជូនក្រុមជម្រើសជាតិរបស់ខ្លួន (បាល់ទះក្នុងសាល) ចេញទៅប្រកួតមិត្តភាព អន្ដរជាតិ ជាមួយបណ្ដាប្រទេសក្នុងតំបន់ជាច្រើន ដើម្បីវាស់ស្ទង់សមត្ថភាព មុនការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ មកដល់។
លោក អាំង សិរីពិសិដ្ឋ ដែលជាអគ្គលេខាធិការសហព័ន្ធ បានលើកឡើងថា សហព័ន្ធ បានអញ្ជើញ និងទទួលបានការឯកភាពរួចរាល់ ពីសហព័ន្ធកីឡាបាល់ទះ សិង្ហបុរី ក្នុងការបញ្ជូនក្រុមជម្រើសជាតិសិង្ហបុរី មកប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុម ម្ចាស់ផ្ទះកម្ពុជា ដើម្បីអបអរសាទរ ពិធីបើកការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅពាក់កណ្ដាលខែតុលាខាងមុខនេះ។
ក្នុងផែនការមេរបស់សហព័ន្ធ គឺមានចេញទៅប្រកួតមិត្តភាព នៅប្រទេសដទៃទៀត។ មានន័យថា ការប្រកួត Tour របស់សហព័ន្ធពិសេស ក្រុមជម្រើសជាតិរបស់យើង អាចទៅវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឬ ឥណ្ឌូនេស៊ីជាដើម ហើយយើងនឹង ជំរុញធ្វើឲ្យបាន គ្រាន់តែមិនដឹងកម្រិតណាទេ ស៊ីសងលើកញ្ចប់ថវិកា ដើម្បីទ្រទ្រង់ការ ធ្វើដំណើរ ស្នាក់នៅ ហូបចុក យើងមានកម្រិតណា? ប៉ុន្ដែឆន្ទៈ និងផែនការយើង មានរួចរាល់ហើយ នៅតែជំរុញពីក្រោយទៀត យើងនឹងបានជោគជ័យហើយ ។
សម្រាប់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកដំបូង ដែលសហព័ន្ធគ្រោងរៀបចំ ដោយអញ្ជើញក្រុមជម្រើសជាតិសិង្ហបុរី មកប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងពិធីបើកនោះ គ្រោងធ្វើឡើងចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២៕