វានឹងក្លាយជាការប្រកួតដ៏តឹងតែងរវាង Chelsea និង West Ham ដែលមកពីទីក្រុងឡុងដ៍ដូចគ្នា នៅថ្ងៃសៅរ៍នេះនៅកីឡដ្ឋាន Stamford Bridge ។
ក្រុមទាំងពីរកំពុងឆ្លងកាត់ការចាប់ផ្តើមរដូវកាលដ៏លំបាកដូចគ្នា ហើយលទ្ធផលនៅក្នុងជំនួបរវាងពួកគេគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីជំរុញស្មារតីក្រុមឡើងវិញ។
Chelsea ឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតលីកទាំង៤លើកចុងក្រោយ បើទោះបីជាលេងប៉ះក្រុមល្មមៗដូចជា Leeds, Leicester និង Southampton ក្នុងបីប្រកួតចុងក្រោយក៏ដោយ។
លោក Thomas Tuchel មានបញ្ហាធំដោយសារខ្សែបម្រើសំខាន់ៗរបស់គាត់របួសទាំងអស់ តួយ៉ាង Mateo Kovacic និង Ngolo Kante បានខកខានការប្រកួតជាច្រើនរួចទៅហើយ។
កង្វះជម្រើសបម្រើការពារបានបង្កឱ្យមានបញ្ហាបន្ថែមទៀតនៅក្នុងតំបន់ការពារ កន្លែងដែលខ្សែការពារកណ្តាល Kalidou Koulibaly នៅលេងមិនទាន់ល្អនៅឡើយនៅដើមរដូវកាលនេះ។
Chelsea កំពុងរបូតគ្រាប់បាល់តាមអំពើចិត្តនាពេលបច្ចុប្បន្ន។ ពួកគេបានអនុញ្ញាតឱ្យគេស៊ុតចាប់ពីពីរគ្រាប់ឡើងទៅនៅក្នុងការប្រកួត Premier League បីលើកចុងក្រោយ។
នេះនឹងក្លាយជាតន្ត្រីពិរោះស្តាប់ដល់ត្រចៀករបស់លោក David Moyes ដែលកូនក្រុមរបស់គាត់នៅទីបំផុតបានបង្ហាញសញ្ញានៃទម្រង់រើបឡើងវិញក្នុងការប្រកួតនៅពាក់កណ្តាលសប្តាហ៍ទល់នឹង Tottenham។
West Ham ប៊ិះនឹងអាចឆក់យកជ័យជម្នះចុងម៉ោងបានយ៉ាងងាយ ដោយការទះផ្លាតិចៗពីកីឡាករ Michail Antonio ក្រោយ Jarrod Bowen បញ្ជូនបាល់យ៉ាងស្អាតកាលពីយប់ថ្ងៃពុធ។
ទោះយ៉ាងណា សូម្បីតែលទ្ធផលស្មើ ១-១ ទល់នឹង Spurs របស់លោក Antonio Conte ក៏អាចចាត់ទុកថាជាលទ្ធផលវិជ្ជមានដែរសម្រាប់ក្រុម West Ham ដែលលេងអន់បំផុតនៅក្នុងការប្រកួតបើកឆាកបួនជុំនៃរដូវកាលនេះ។
តើពួកគេអាចឈ្នះនៅថ្ងៃសៅរ៍នៅកីឡដ្ឋាន Stamford Bridge បានទេ? ចម្លើយប្រហែលជាមិនអាចទេ ព្រោះពួកគេកម្រឈ្នះនៅទឹកដីនេះខ្លាំងណាស់។
លទ្ធផលព្យាករណ៍ Chelsea ឈ្នះ ២-០៕