នេះជាលើកទីពីរហើយដែលវគ្គផ្តាច់ព្រ័ត្រ FA Cup គឺជាគូសងសឹក នៃពានរង្វាន់ Carabao Cup ក្នុងរដូវកាលតែមួយ។
ខណៈនៅលើក្រដាសគូនេះ ហាក់មិនមានអីល្អមើល របៀបដែល Chelsea និង Liverpool ប្រយុទ្ធគ្នាចុងក្រោយនៅឯការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីខែកុម្ភៈនៅកីឡដ្ឋាន Wembley ពិតជាល្អមើលជក់ចិត្តខ្លាំងណាស់។
ពេញមួយរដូវកាលនេះទាំងក្នុង Premier League និង Cup គូទាំងពីរហាក់មិនអាចបែងចែកដាច់ស្រេចពីគ្នាថាមួយណាខ្លាំងជាងមួយណា ដោយសារភាគច្រើនលេងស្មើគ្នារហូត។
ការជួបគ្នាទាំងពីរលើកក្នុង EPL បានបញ្ចប់ទៅដោយលទ្ធផលសរុប ២-២ ទោះបីជា Liverpool នាំមុខ Chelsea ដាច់ក្នុងតារាងពិន្ទុក៏ដោយ។
ទោះបីជាការប៉ុនប៉ងរបស់លោក ជួហ្គិន ក្លប់ ក្នុងការដេញតាមក្រុម Manchester City បានរងការវាយសំពងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះក៏ដោយ ក៏គ្រូបង្វឹកអាល្លឺម៉ង់រូបនេះនៅតែអាចឈ្នះពាន៣នៅរដូវកាលនេះ ហើយការពិតដែលថាគាត់បានយកឈ្នះ Chelsea រួចហើយនៅក្នុងការប្រកួត League Cupមិនអាចមិនអើពើនោះឡើយ។
ទោះយ៉ាងណាក៏ដោយ ក្រុមរបស់លោក ថូម៉ាស ធូខល់ ក៏ល្អក្នុងបាល់ទាត់ដែរ។ ក្រោមការដឹកនាំរបស់គាត់ Chelsea បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃរាល់ការប្រកួតទាំងអស់ ហើយគួរចងចាំដែរថា ពួកគេបានផ្តួលក្រុម Man City ក្នុងការប្រកួត Champions League បើទោះបីជាមានទម្រង់លេងក្នុងលីកយ៉ាប់ក៏ដោយ។
ក្នុងនាមជាក្រុមល្អបំផុតនៅអឺរ៉ុប ការប្រកួតរវាងពួកគេនឹងក្លាយជាឱកាសដ៏ជក់ចិត្តបំផុតជាមិនខាន។
ក្រុមទាំងពីរប្រហែលជាអាចបាត់បង់ខ្សែបម្រើសំខាន់រៀងៗខ្លួនមុនឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រថ្ងៃសៅរ៍នេះ។
លោកធូខល់បានសារភាពថា កីឡាករ ម៉ាតេអូ កូវ៉ាហ្ស៊ិក ត្រូវការ “អព្ភូតហេតុ” ដើម្បីជាសះស្បើយទាន់ពេល បន្ទាប់ពីរបួសកជើងនៅឯទឹកដី Leeds កាលពីយប់ថ្ងៃពុធ ខណៈកីឡាករអិនហ្គោឡូ កាន់តេ កំពុងប្រជែងនឹងពេលវេលាដើម្បីជាពីរបួសឡើងវិញ។
ការណ៍នេះបានបន្សល់ទុកត្រឹមកីឡាករជូជីញ៉ូជាជម្រើសទីមួយតែម្នាក់គត់នៃតំបន់បម្រើរបស់លោកធូខល់ ខណៈរូបិន លូតឹស ឈីក និង សាអ៊ូល នីហ្គេស ជាជម្រើសក្នុងកៅអីបម្រុង។
ទន្ទឹមនឹងនោះ Liverpool នឹងបាត់បង់ខ្សែបម្រើហ្វាប៊ីញ៉ូ ដែលរងរបួសក្នុងអំឡុងជ័យជម្នះកាលពីថ្ងៃអង្គារលើក្រុម Aston Villa ហើយលោកក្លប់បានដកកីឡាករប្រេស៊ីលរូបនេះចេញពីការប្រកួត FA Cup ហើយ។
អេនឌី រ៉ូបឺតសុន ត្រូវបានសម្រាកសម្រាប់ការប្រកួតនេះ ហើយ ម៉ូហាម៉េត សាឡាស ត្រូវបានដាក់លេងចេញពីកៅអីបម្រុង។ អ្នកទាំងពីរនឹងចាប់ផ្តើមជម្រើស១១នាក់នៅថ្ងៃនេះ។
ការទស្សន៍ទាយ ៖
ក្រុមទាំងពីរនេះលេងមិនឈ្នះមិនចាញ់គ្នាសោះនៅរដូវកាលនេះ បើទោះបីជា Chelsea មើលទៅមិនសូវមានរចនាសម្ព័ន្ធល្អនៅក្នុងការប្រកួតធំៗក៏ដោយ។ ដោយសារហេតុផលនេះ ក្រុមទាំងពីររំពឹងស្មើគ្នាសាជាថ្មីក្នុងលទ្ធផលព្យាករណ៍ ១-១៕