ពួកអ្នករៀបចំបាននិយាយកាលពីថ្ងៃសុក្រថា ការប្រកួតកីឡាអាស៊ី(Asian Games)នៅក្រុងហាងចូវត្រូវបានលើកពេលគ្មានកាលកំណត់ នៅពេលអាជ្ញាធរចិនជាប់ប្រយុទ្ធនឹងការផ្ទុះកូវីដ១៩ឡើងវិញ។
ហេតុផលសំរាប់ការលើកពេលនេះមិនត្រូវបានបញ្ជាក់ទេ តែចិនបាននិងកំពុងតស៊ូកំចាត់ចោលការផ្ទុះកូវីដ១៩ធំៗបំផុតចាប់តាំងពីការលេចចេញជំងឺនេះនៅដើមឆ្នាំ២០២០។
សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រកីឡាផ្លូវការបាននិយាយថា «ក្រុមប្រឹក្សាអូឡាំពិចអាស៊ីបានប្រកាសថា កីឡាAsian Gamesលើកទី១៩ដែលត្រូវធ្វើនៅទីក្រុងហាងចូវចាប់ពី ថ្ងៃ១០ដល់២៥កញ្ញា ឆ្នាំ២០២២ នឹងត្រូវលើកពេល។កាលបរិច្ឆេទថ្មីនៃការប្រកួតកីឡានេះនឹងត្រូវប្រកាសនៅពេលក្រោយ»។
ទីក្រុងហាងចូវ(Hangzhou)ដែលត្រូវរៀបចំកីឡានេះនៅចម្ងាយតែ២០០គីឡូម៉ែត្រពីទីក្រុងធំបំផុតសៀងហៃ ដែលត្រូវបានបិទខ្ទប់អស់ជាច្រើនសប្តាហ៍ជាផ្នែកនៃវិធីសាស្ត្រកំចាត់ចោលកូវីដ១៩នៅនឹងកន្លែងផ្ទុះរបស់គណបក្សកុំម្មុយនីស្តចិន។
កាលពីខែមុនពួកអ្នករៀបចំបាននិយាយ ក្រុងហាងចូវ ដែលមានមនុស្ស១២លាននាក់បានសំរេចការសាងសង់កន្លែងប្រកួតកីឡាប្រមាណ៥៦កន្លែងសំរាប់ព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games)និងកីឡាប៉ារ៉ាអាស៊ីហ្កេម(Asian Para Games)។ពេលនោះពួកគេបានបង្ហាញផែនការរៀបចំការប្រកួតជាមួយនឹងវិធានការគ្រប់គ្រងកូវីដ ដោយរៀនពីបទពិសោធន៍ការរៀបចំកីឡាអូឡាំពិចរដូវរងារក្រុងប៉េកាំងបានជោគជោគជ័យ កាលពីខែកុម្ភៈ ។
កីឡាអូឡាំពិចរដូវរងារក្រុងប៉េកាំង ត្រូវបានធ្វើឡើងដោយមិនមានអ្នកចូលទស្សនាទេហើយអ្នកចូលរួម រួមមានកីឡាករ បុគ្គលិក អ្នកស្ម័គ្រចិត្តនិងអ្នកសារព័ត៌មានត្រូវបានធ្វើតេស្តិ៍រកកូវីដ១៩យ៉ាងតឹងរ៉ឹង។
សូមបញ្ជាក់ថាទោះជាភាគច្រើនបំផុតនៃពិភពលោកកំពុងអនុវត្តវិធានរស់នៅជាមួយកូវីដ១៩ ចិនបន្តអនុវត្តគោលនយោបាយ«កូវីដសូន្យ»ដោយធ្វើការបិទខ្ទប់យ៉ាយតឹងតែង ធ្វើចត្តាឡីស័កនិងធ្វើតេស្តិ៍ទ្រង់ទ្រាយធំដើម្បីលុបបំបាត់ការរីករាលដាលជំងឺឆ្លងនេះ។រដ្ឋាភិបាលបានអួតអាងអំពីយុទ្ធសាស្ត្រនេះ ដោយបង្ហាញថាខ្លួនយកចិត្តទុកដាក់ជីវិតមនុស្សជាងការបារម្ភអំពីសម្ភារៈ-លុយកាក់និងអាចបញ្ចៀសបានវិបត្តិសុខភាពសាធារណៈដូចអ្វីបានកើតនៅបណ្តាប្រទេសលោកខាងលិច។
មេដឹកនាំចិនកំពូលៗកាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការប្តេជ្ញាចិត្តជាថ្មីថានឹងប្រកាន់ខ្ជាប់វិធីសាស្ត្រកូវីដសូន្យ ហើយប្រឆាំងនឹងការរិះគន់គោលនយោបាយនេះទោះជាសាធារណជនមិនសប្បាយចិត្តនៅពេលអនុវត្តប៉ះពាល់ក្តី។កំហឹងសាធារណជនទំនងជាកើតមាននៅទីក្រុងសៀងហៃទីដែលមនុស្សភាគច្រើក្នុងចំណោមមនុស្ស២៥លាននាក់ក្នុងក្រុងនេះត្រូវបានបិទខ្ទប់និងធ្វើតេស្តិ៍រកកូវីដ១៩ចាប់តាំងពីខែមីនា ទោះជាយ៉ាងណាពេលនេះអាជ្ញាធរបានបន្ធូរបន្ថយភាគច្រើនដោយសារការឆ្លងថយចុះ៕