នៅចុងសប្តាហ៍នេះក្រុមមេឃខៀវ Man City និងហង្សក្រហម Liverpool នៅតែរំពឹងឈ្នះរៀងៗខ្លួនដើម្បីប្រជែងជើងឯក EPL ដោយឡែកក្រុមកាំភ្លើងធំ Arsenal និងបិសាចក្រហម Man U នឹងត្រូវប៉ះគ្នានៅក្បាលព្រលប់ថ្ងៃសៅរ៍ដើម្បីប្រជែងកៅអីកំពូលទាំងបួន។ Man U អាចនឹងអស់លទ្ធភាពប្រជែងកៅអី UCL ប្រសិនបើស្មើឬចាញ់ Arsenal ថ្ងៃនេះ។
ដោយហេតុថាក្រុម Man City និង Liverpool រំពឹងឈ្នះស្ទើរតែ ១០០ ភាគរយទៅហើយនោះ យើងនឹងវិភាគជូនតែគូ Aresnal vs Man U ប៉ុណ្ណោះ។
ក្រុមទាំងពីរនេះកំពុងស្ថិតក្នុងការប្រជែងដណ្តើមចំណាត់ថ្នាក់កំពូលទាំងបួន ហើយឥឡូវកំពុងមានចំណាត់ថ្នាក់ជាប់គ្នាក្នុងតារាងលីក។ ដោយហេតុថាមានការប្រកួតនៅសេសសល់តិចតួចក្នុងរដូវកាលនេះ គេអាចនិយាយបានថានេះជាការប្រកួតដែលក្រុមទាំងពីរត្រូវតែឈ្នះដាច់ខាត។
ក្រុមកាំភ្លើងធំកំពុងតែឈរនៅលេខ៥ក្នុងតារាងនៅពេលនេះ ដោយមានពិន្ទុស្មើនឹងក្រុមលេខ៤ Spurs។ ប៉ុន្តែកូនក្រុមរបស់លោក មីគែល អាតិតា (Mikel Arteta) មានមួយប្រកួតនៅក្នុងដៃ។
ស្របពេលជាមួយគ្នានេះដែរ ក្រុមបិសាចក្រហមកំពុងតែប្រលែងលេងជាមួយភ្លើងនៅពេលនេះ។ ពួកគេស្ថិតនៅលេខ៦ក្នុងតារាង ហើយនៅសល់តែ៥ប្រកួតទៀតប៉ុណ្ណោះនឹងចប់រដូវកាល។ វាជាបរាជ័យធំមិននឹកស្មានដល់សម្រាប់ពួកគេ ប្រសិនបើខកខានក្នុងការបញ្ចប់នៅចំណាត់ថ្នាក់កំពូលទាំងបួន ហើយមិនមានសំបុត្រ UCL ដោយហេតុថាក្រុមបិសាចសម្បូរដោយកីឡាករល្បីនិងថ្លៃៗ។
ពិតណាស់ក្រុមទាំងពីរត្រូវតែឈ្នះជាចាំបាច់ ហើយគេរំពឹងថានឹងមានជំនួបដ៏ស្វិតស្វាញនៅចុងសប្តាហ៍នេះនៅកីឡដ្ឋាន Emirates ។
ដូច្នេះគ្រាប់បាល់រំពឹងមានច្រើនគ្រាប់ ខណៈក្រុមទាំងពីរប្រជែងយក៣ពិន្ទុ។
ប្រវត្តិជួបគ្នា
– ជួបគ្នាចុងក្រោយគឺបិសាចក្រហមឈ្នះ ៣-២។
– កាំភ្លើងធំកត់ត្រាជ័យជម្នះ ៣ ដងមុនពេលចាញ់ការប្រកួតនោះ។
– ៤ ប្រកួតចុងក្រោយនៅទឹកដីកាំភ្លើងធំ គឺឈ្នះម្នាក់២ដង។
– ៨ ប្រកួតចុងក្រោយនៅទឹកដី Arsenal គឺមានគ្រាប់បាល់ស៊ុតជាមធ្យមក៏ ៣ គ្រាប់ដែរ។
Arsenal បានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-៤ នៅទឹកដី Chelsea កាលពីពាក់កណ្តាលសប្តាហ៍។ ជាមួយជ័យជម្នះនេះ ពួកគេក៏បានបញ្ចប់ការចាញ់ជាប់ៗគ្នាជាច្រើនប្រកួតកាលពីពេលថ្មីៗរបស់ពួកគេផងដែរ។
ពួកគេបានឈ្នះ ៤ លើកក្នុងចំណោម ៦ ប្រកួតចុងក្រោយនៅក្នុងផ្ទះ ហើយពួកគេបានស៊ុតបញ្ចូលទី ២ គ្រាប់ឬច្រើនជាងនេះក្នុង ៤ លើកក្នុងចំណោម ៦ ប្រកួតក្នុងផ្ទះចុងក្រោយរបស់ពួកគេ។
ដោយឡែក កូនក្រុមរបស់លោក រ៉ាហ្វ រែងនីក (Ralf Rangnick) បានចាញ់ ៤-០ នៅទឹកដី Liverpool កាលពីពាក់កណ្តាលសប្តាហ៍។ មុននោះ ពួកគេបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៣-២ លើក្រុម Norwich ដោយការស៊ុតបញ្ចូលទី៣គ្រាប់ដោយកីឡាករ គ្រីស្ទាណូ រ៉ូណាល់ដូ។
ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះនឹងត្រឡប់មកវិញនៅចុងសប្តាហ៍នេះ ក្រោយសម្រាកមួយប្រកួតដោយសារកូនទើបនឹងកើតបានទទួលមរណភាព។
ផ្អែកលើហេតុផលខាងលើនិងប្រវត្តិជួបគ្នា យើងរំពឹងពួកគេស្មើគ្នាក្នុងលទ្ធផលព្យាករណ៍ ២-២៕