អតីតវីរបុរសក្រុមតោខៀវ លោក Joe Cole បាននិយាយថា Romelu Lukaku មានពេលត្រឹមតែ ៦សប្តាហ៍ប៉ុណ្ណោះ ដើម្បីសង្គ្រោះអាជីពរបស់គាត់នៅ Chelsea។
កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ បានបញ្ចប់ការផ្ទេរជាមួយនឹងទឹកប្រាក់ដ៏ធំមួយពី Inter កាលពីឆ្នាំមុន ប៉ុន្តែកំពុងតែជួបផលលំបាកចាប់តាំងពីការវិលត្រឡប់មកកាន់កីឡដ្ឋាន Stamford Bridge ដោយថ្មីៗនេះ ត្រូវបានធ្ដកចេញពីតួនាទីខ្សែប្រយុទ្ធដំបូងរបស់ក្រុម។
Lukaku ស្ទើរតែត្រូវបានដាក់ត្រឹមតែជាកីឡាករបម្រុងគ្រប់ការប្រកួតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបានស៊ុតបញ្ចូលទី តែ ៥គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន២០ប្រកួតនារដូវកាលនេះ ក្នុងក្របខ័ណ្ឌ Premier League។
គាត់ត្រូវបានជាប់ជាកីឡាករបម្រុងម្តងទៀត សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌ FA Cup រវាង Chelsea ជាមួយនឹង Crystal Palace ដែលតោខៀវបានទទួលជ័យជំនះ ២-០ ដោយការស៊ុតបញ្ចូលទីពីកីឡាករ Ruben Loftus-Cheek និង Mason Mount៕