Rodri ខ្សែបម្រើឆ្នើម Manchester City និងជាម្ចាស់ពាន Ballon d'Or 2024 បានដាក់គោលដៅត្រឡប់មកជួយក្រុមវិញមុនចង់រដូវកាលនេះ បន្ទាប់ពីសម្រាកព្យាបាលរបួស ACL ជើងខាងស្ដាំតាំងពីខែកញ្ញា ឆ្នាំ២០២៤។
របួសជើង ACL នេះ Rodri បានកើតឡើងក្នុងកំឡុងជួយក្រុម Manchester City ប្រកួត ២-២ ជាមួយក្រុម Arsenal ហើយក្រោយពេលរងរបួសនេះ Pep បាននិយាយថា នឹងដាក់ Rodri ឲ្យសម្រាកព្យាបាលរបួសដល់ចប់រដូវកាល។ ពេលនេះ មេឃខៀវ កំពុងតែជួបទុកលេងចាញ់ផ្ទួនៗ ដោយ៦ប្រកួតចុងក្រោយនេះមិនឈ្នះសោះ មានតែចាញ់ និងស្មើ។ ដោយសារតែហេតុនេះហើយ Rodri សង្ឃឹមថា គេអាចត្រឡប់មកជួយក្រុមវិញឲ្យបានមុនពេលរដូវកាលនេះបានបញ្ចប់។
«គោលដៅរបស់ខ្ញុំនឹងព្យាយាមធ្វើយ៉ាងណាត្រឡប់មកវិញឲ្យបានមុនរដូវកាលនេះបញ្ចប់ ដើម្បីជួយក្រុមបានខ្លះ។ ខ្ញុំមិនចង់អង្គុយមើលក្រុមរបស់ខ្ញុំចាញ់ការប្រកួតបានទេ ខ្ញុំត្រូវតែព្យាយាម។ គោលដៅរបស់ខ្ញុំអាច៦ឬ៧ខេ»។ នេះជាការលើកឡើងរបស់ Rodri បានប្រាប់ទៅកាន់ The Rest Is Football។
ខ្សែបម្រើដដែលបន្ថែមថា ក្រោយពេលរងរបួសប្រហែលជាជាង១ខែគេមានការឈឺចាប់ណាស់ និងមិនអាចដើរបានទេ ប៉ុន្តែពេលនេះគេមានភាពល្អប្រសើរជាងមុនច្រើន ហើយគេគិតថាមិនយូរទេនឹងអាចចូលហាត់វិញបាន។
Premier League នឹងបញ្ចប់ត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ វាប្រហែលជា៨ថ្ងៃបន្ទាប់ពីបញ្ចប់ការប្រកួត FA Cup នៅថ្ងៃទី១៧ ខែឧសភា នោះ៕