ក្រុម Middlesbrough និង Chelsea នឹងត្រូវប៉ះគ្នាសម្រាប់ការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រ FA Cup នៅចំពោះមុខហ្វូងទស្សនិកជនរបស់ Boro ទាំងស្រុង ដែលទិញសំបុត្រចូលមើលអស់រលីងនៅកីឡដ្ឋាន Riverside Stadium ខណៈអ្នកគាំទ្រតោខៀវត្រូវជាប់ទណ្ឌកម្មមិនអាចទិញសំបុត្រចូលមើលបានទេ។
ក្រុមម្ចាស់ផ្ទះច្បាស់ជារំភើបក្នុងការលេងការប្រកួតនេះនៅក្នុងផ្ទះ ខណៈពួកគេបានលេង៣ប្រកួតចុងក្រោយនៅក្រៅផ្ទះរហូត។ Middlesbrough កំពុងរីករាយនឹងការលេងដ៏ល្អបំផុតរបស់ពួកគេនៅក្នុង FA Cup ចាប់តាំងពីឆ្នាំ ២០១៧ ហើយកំពុងទទួលបានរហស្សនាមថា “អ្នកសម្លាប់យក្ស” ខណៈដែលពួកគេបានទម្លាក់ក្រុមគីឡូធ្ងន់ Premier League ដូចជា Tottenham និង Manchester United នៅជុំមុនៗ។ ត្បិតដូច្នេះក្តី Middlesbrough ជួប Chelsea ៨ លើកចុងក្រោយគិតពីឆ្នាំ ២០០៦ គឺចាញ់រហូត ដោយស៊ុតមិនចូលទីរបស់តោខៀវសូម្បីតែមួយគ្រាប់។ ពួកគេបានចាញ់ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រចំនួន៤លើកមុនៗរបស់ពួកគេទល់នឹង Chelsea ហើយការបង្ហាញខ្លួនដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចុងក្រោយរបស់ពួកគេគឺកើតឡើងក្នុងរដូវកាល ២០០៥/០៦។
Chelsea មានរឿងរំខាននៅក្រៅទីលានជាច្រើន ប៉ុន្តែទម្រង់លេងរបស់ពួកគេនៅលើទីលានគឺល្អដូចផ្កា។ ពួកគេបានឈ្នះ ២-១ ក្រៅទឹកដីលើក្រុម Lille ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ ដោយធ្វើឱ្យពួកគេឈ្នះ ៥ លើកជាប់ៗគ្នា។ Chelsea ចាញ់តែម្តងគត់ក្នុងការប្រកួត ១៣ លើកចុងក្រោយរបស់ពួកគេនៅគ្រប់ការប្រកួតទាំងអស់ ដោយការចាញ់នោះគឺកើតឡើងក្នុងវគ្គផ្តាច់ព្រ័ត្រ League Cup ទល់នឹង Liverpool។ Chelsea បានឈ្នះ Boro ក្នុង FA Cup ក្នុងជំនួប ៣ លើកចុងក្រោយ។ ហើយបើនិយាយពីការប៉ះគ្នា៨លើកចុងក្រោយនៅគ្រប់ក្របខ័ណ្ឌទាំងអស់គឺ Middlesbrough ចាញ់ Chelsea រហូត ដោយ Chelsea ស៊ុតចូល ១៩ គ្រាប់ និង របូតសូន្យគ្រាប់។
ក្រុម Middlesbrough នឹងប្រឹងទប់ Chelsea រហូតដល់ទីបញ្ចប់ ហេតុដូច្នេះយើងរំពឹងមានគ្រាប់បាល់តិចបំផុតសម្រាប់ការប្រកួតនេះ។
លទ្ធផលព្យាករណ៍ Chelsea ឈ្នះ ១-០៕