Arsenal ប្រឈមមុខនឹងការធ្វើដំណើរដ៏លំបាកទៅកាន់ទឹកដី Villa Park ខណៈដែលពួកគេសម្លឹងរកការឈ្នះពីបរាជ័យក្រោមស្នាដៃក្រុម Liverpool ។
ការឈ្នះ៥ប្រកួតជាប់ៗគ្នារបស់កាំភ្លើងធំត្រូវបានបញ្ឈប់ដោយការស៊ុតបញ្ចូលទីពីកីឡាករ Diogo Jota និង Roberto Firmino កាលពីយប់ថ្ងៃពុធ ដែលវាយសំពងលើក្តីសង្ឃឹមសម្រាប់កៅអីក្របខ័ណ្ឌ Champions League របស់ Arsenal។
ដោយនៅតែឈរនៅលេខរៀងទី ៤ និងមាន២ប្រកួតក្នុងដៃលើគូប្រជែងរបស់ពួកគេ ក្រុម Arsenal ត្រូវប្រឈមមុខនឹងក្រុម Aston Villa ក្នុងការប្រកួតនៅក្បាលព្រលប់ថ្ងៃសៅរ៍ ដោយដឹងថាពួកគេមានប្រៀបលើតារាងពិន្ទុជាងម្ចាស់ផ្ទះ ទោះលទ្ធផលចេញមកយ៉ាងណាក៏ដោយ។
ចំណែក Villa វិញ ការបរាជ័យក្រោមស្នាដៃក្រុមញញួរធំ West Ham កាលពីសប្តាហ៍មុនបានបញ្ចប់ការឈ្នះ ៣ ប្រកួតជាប់ៗគ្នារបស់ខ្លួន ខណៈឥឡូវពួកគេបានត្រឹមផ្តោតអាទិភាពបញ្ចប់ទៅនៅចំណាត់ថ្នាក់ល្អពាក់កណ្តាលតារាងប៉ុណ្ណោះ។
សម្រាប់ Aston កីឡាករ Marvelous Nakamba (របួសជង្គង់) នឹងអវត្តមាន ខណៈ Lucas Digne (របួសសាច់ដុំ), Douglas Luiz (របួសមាត់) និង Calum Chambers (របួសក្បាល) ស្ថិតក្នុងមន្ទិលសង្ស័យមិនដឹងអាចលេងបានឬអត់។
ជាថ្មីម្តងទៀត Arsenal កំពុងរង់ចាំមើលលទ្ធផលថាតើខ្សែការពារ Takehiro Tomiyasu នឹងអាចចូលក្រុមវិញបានឬអត់ ខណៈកំពុងតស៊ូនឹងរបួសកំភួនជើង។
ត្បិតប៉ុន្មានប្រកួតចុងក្រោយនេះ ក្រុមកាំភ្លើងធំមិនដែលឈ្នះនៅទឹកដី Aston ក៏ប៉ុន្តែពួកគេមានសន្ទុះចិត្តខ្ពស់ជាងម្ចាស់ផ្ទះដើម្បីដណ្តើមកៅអី Top 4។
លទ្ធផលព្យាករណ៍ Arsenal ឈ្នះ ១-០៕