Borussia Dortmund បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ជាលើកដំបូងក្នុងរយៈពេល ១១ ឆ្នាំ បន្ទាប់ពីបានប្រកួតឈ្នះ Atletico Madrid ក្នុងការប្រកួតជើងទីពីរដោយលទ្ធផល ៤-២ កាលពីថ្ងៃអង្គារ៍។
ដោយចាញ់ Atletico Madrid ក្នុងការប្រកួតជើងទីមួយដោយលទ្ធផល ២-១ ក្នុងទីក្រុងម៉ាឌ្រីដ Dortmund បានផ្លាស់ប្តូរលទ្ធផលយ៉ាងឆាប់រហ័ស ដោយគ្រាប់បាល់របស់កីឡាករ Julian Brandt និងកីឡាករខ្ចីជើងពី Chelsea Ian Maatsen ក្នុងតង់ទីមួយ។
ប៉ុន្តែ Atletico Madrid ធ្វើបាន ២-១ ដោយការតែតបាល់របស់កីឡាករ Mario Hermoso ។ បន្ទាប់មកកីឡាករ Angel Correa បានជួយឱ្យ Atletico Madrid តាមស្មើ ២-២ នៅនាទី៦៤។
ប៉ុន្តែ Dortmund បាននាំមុខ ៣-២ ជាថ្មី ដោយការតែតបាល់បញ្ចូលទីនៅនាទី៧១ របស់កីឡាករ Niclas Fullkrug។ ៣នាទីក្រោយមក កីឡាករ Marcel Sabitzer បានស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជំនះ ៤-២ សម្រាប់ Dortmund ។
Dortmund នឹងឡើងទៅជួប Paris Saint-Germain សម្រាប់ការប្រជែងយកកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Wembley បន្ទាប់ពីក្រុមរបស់លោក Luis Enrique បានតាមមកពីក្រោយវាយបកឈ្នះ Barcelona ដោយលទ្ធផល ៤-១ ។
សូមបញ្ជាក់ថា Dortmund មិនបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ឡើយ ចាប់តាំងពីពួកគេបានបញ្ចប់ត្រឹមជើងឯករង ក្នុងឆ្នាំ ២០១២-១៣៕