លោក Jurgen Klopp បាននិយាយថា គាត់មិនអាចផ្តល់ពេលវេលាជាក់លាក់សម្រាប់បញ្ហារបួសរបស់ Diogo Jota បានទេ ប៉ុន្តែបាននិយាយថា ខ្សែប្រយុទ្ធ Liverpool នឹងអវត្តមានជាច្រើនខែ។
Jota ត្រូវបានគេដកចេញពីទីលានប្រកួតក្នុងតង់ទីមួយ ពីការប្រកួតឈ្នះរបស់ Liverpool លើ Brentford កាលពីថ្ងៃសៅរ៍ បន្ទាប់ពី Christian Norgaard បង្ករបួសយ៉ាងខ្លាំងលើជើងរបស់គាត់។
របួសរបស់ Jota កើតឡើងជាបញ្ហាមួយសម្រាប់ Liverpool ដែលកីឡាករអន្តរជាតិព័រទុយហ្គាល់ ដើរតួយ៉ាងសំខាន់សម្រាប់អវត្តមានរបស់ Mo. Salah។ ក្នុងការបង្ហាញខ្លួន ២៨ ប្រកួត នៅទូទាំងការប្រកួតទាំងអស់រដូវកាលនេះ កីឡាករវ័យ ២៧ ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ១៨គ្រាប់ និង assist ជាច្រើនគ្រាប់ផងដែរ។
Jota នឹងចូលរួមជាមួយ Trent Alexander-Arnold ក្នុងបញ្ជីកីឡាករអវត្តមានសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup ទល់និង Chelsea នៅថ្ងៃទី ២៥ ខែកុម្ភៈផងដែរ៕