កៅអី UEFA Champions League រដូវកាលក្រោយអាចនឹងរបូតនៅយប់ថ្ងៃសៅរ៍នេះ នៅពេលដែល Manchester United ទទួលភ្ញៀវឡើងជើង Tottenham ក្នុងការប្រកួតជុំទី២៩ ក្នុងក្របខ័ណ្ឌ Premier League ។
ក្រុមទាំងពីរនឹងឈានចូលការប្រកួតនេះទាំងមានអារម្មណ៍ផ្ទុយគ្នាស្រឡះ។ ក្រុមបិសាចក្រហមលេងមិនល្អនោះទេមួយរយៈចុងក្រោយនេះ។
ពួកគេបានបន្តទម្រង់លេងអន់ជាមួយនឹងការចាញ់ក្រុមគូប្រជែងដ៏ជូរចត់ Manchester City ក្នុងលទ្ធផល ៤-១ កាលពីថ្ងៃអាទិត្យនៅកីឡដ្ឋាន Etihad។
Manchester United ពេលនេះលេងមិនឈ្នះក្នុងការប្រកួត Premier League បីប្រកួតជាប់ៗគ្នា ដែលធ្វើឱ្យពួកគេខ្ទាតចេញពីចំណាត់ថ្នាក់កំពូលទាំងបួនក្នុងតារាងពិន្ទុ។
កូនក្រុមរបស់លោក រាហ្វ រេងនិក ឥឡូវនេះកំពុងឈរនៅលេខរៀងទី ៥ ដោយមាន១ពិន្ទុតាមពីក្រោយក្រុមលេខ ៤ Arsenal ដែលមាន៣ប្រកួតក្នុងដៃ។
ការប្រកួតប៉ះជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspur គឺជាឱកាសចុងក្រោយមួយសម្រាប់លោករេងនិកនិងកូនក្រុមរបស់គាត់ ប្រសិនបើពួកគេចង់បានកៅអី Champions League នៅរដូវកាលក្រោយ។
Spurs មាន២ពិន្ទុតាមពីក្រោយបិសាចក្រហមក្នុងតារាងលីក ប៉ុន្តែពួកគេក៏មាន២ប្រកួតក្នុងដៃផងដែរ។
កូនក្រុមរបស់លោក អង់តូនីញ៉ូ កុងតេ នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Old Trafford ដែលទាំងមានទឹកចិត្តខ្ពស់ បន្ទាប់ពីបានយកឈ្នះលើក្រុម Everton ក្នុងលទ្ធផល ៥-០ ក្នុងការប្រកួតចុងក្រោយបំផុតក្នុងលីកកំពូលអង់គ្លេស។
ខ្សែប្រយុទ្ធហារី ខេនបានបញ្ជាក់ពីទម្រង់លេងដ៏អស្ចារ្យរបស់គេជាមួយនឹងការស៊ុតបញ្ចូលទី២គ្រាប់កាលពីថ្ងៃចន្ទក្នុងទីក្រុងឡុងដ៍។ ខ្សែប្រយុទ្ធមុតស្រួចរបស់អង់គ្លេសរូបនេះគួរតែអាចរកគ្រាប់បាល់បានជាថ្មីម្តងទៀត ព្រោះខ្សែការពារ United ធ្លាយគ្រាប់បាល់ច្រើនណាស់នៅក្នុងទឹកដីខ្លួនឯង។
ត្បិតបិសាចក្រហមមានប្រវត្តិល្អជាមួយ Spurs ក៏ប៉ុន្តែផ្អែកលើទម្រង់លេងយ៉ាប់យ៉ឺនរបស់ Man U ឥឡូវនេះ ពួកគេមិនងាយនឹងយកឈ្នះលើ Spurs បានទេ។ លទ្ធផលព្យាករណ៍ Tottenham ឈ្នះ ១-០៕