ចៅក្រមអូស្ត្រាលីបានស្តារទិដ្ឋាការរបស់តារាវាយតេន្នីសលេខ១ពិភពលោក Novak Djokovic ឡើងវិញ ដែលត្រូវបានលុបចោល បន្ទាប់ពីរូបគេមកដល់អូស្ត្រាលី កាលពីសប្តាហ៍មុន ដោយសារតែរូបគេមិនបានចាក់វ៉ាក់សាំង។
ចៅក្រមតុលាការក្រុងមែលប៊ន លោក Anthony Kelly ក៏បានបង្គាប់ឱ្យរដ្ឋាភិបាលដោះលែង Djokovic កាលពីថ្ងៃចន្ទ ពីការឃុំក្នុងសណ្ឋាគារមែលប៊ន ក្នុងរយៈពេល ៣០នាទី បន្ទាប់ពីការសម្រេចរបស់គាត់ផងដែរ។
មេធាវីរបស់រដ្ឋាភិបាល លោក Christopher Tran បានប្រាប់ចៅក្រមបន្ទាប់ពីសេចក្តីសម្រេចនេះថា រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ សញ្ជាតិ សេវាអន្តោប្រវេសន៍ និងកិច្ចការពហុវប្បធម៌ លោក Alex Hawke “នឹងពិចារណាថា តើត្រូវប្រើអំណាចផ្ទាល់ខ្លួន ដើម្បីលុបចោលទិដ្ឋាការឬអត់”។
នោះមានន័យថា Djokovic នៅតែអាចប្រឈមមុខនឹងការនិរទេសម្តងទៀត ហើយអាចខកខានការប្រកួត Australian Open ដែលចាប់ផ្តើមនៅថ្ងៃទី ១៧ ខែមករា។
រដ្ឋាភិបាលអូស្ត្រាលី បានលុបចោលទិដ្ឋាការរបស់ Djokovic អាយុ ៣៤ឆ្នាំ ភ្លាមៗ បន្ទាប់ពីរូបគេបានមកដល់ទីក្រុងមែលប៊ន កាលពីល្ងាចថ្ងៃពុធ ដើម្បីលេងក្នុងកម្មវិធី Australian Open ដោយសារតែក្រុមមន្ត្រីបានសម្រេចថា តារាតេន្នីសរូបនេះ មិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យ សម្រាប់ការលើកលែងចំពោះលក្ខខណ្ឌចូលប្រទេសនេះ ដែលចែងថា ជនមិនមែនពលរដ្ឋអូស្ត្រាលីទាំងអស់ ត្រូវតែចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញ មុនចូលអូស្ត្រាលី។
Djokovic ដែលឯកសារតុលាការនិយាយថា រូបគេមិនបានចាក់វ៉ាក់សាំងនោះ បានប្រកែកថា រូបគេមិនត្រូវការភស្តុតាង នៃការចាក់វ៉ាក់សាំងទេ ព្រោះខ្លួនមានភស្តុតាងបញ្ជាក់ថា បានឆ្លងវីរុសកូរ៉ូណាកាលពីខែមុន ដូច្នេះមានភាពស៊ាំការពាររួចហើយ៕