សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានទទួលស្គាល់កីឡាករបរទេសចូលសញ្ជាតិខ្មែរដើម្បីលេងតំណាងឲ្យជម្រើសជាតិជាផ្លូវការហើយ។
តាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ថា សហកីឡាករបរទេសចូលសញ្ជាតិខ្មែរថ្មី៣រូបទទួលបានការយល់ព្រមជាផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហើយ។
កីឡាករខ្សែប្រយុទ្ធ Abdel Kader Coulibaly ដើមកំណើតកូតឌីវ័រ របស់ក្លិបអាយអេសអាយ ដង្កោសែនជ័យ ខ្សែប្រយុទ្ធ Andrés Nieto ដើមកំណើតកូឡុំប៊ី របស់ភ្នំពេញក្រោន និងខ្សែការពារ Takaki Ose ដើមកំណើតជប៉ុន របស់ភ្នំពេញក្រោន មានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់សម្រាប់តំណាងជម្រើសជាតិកម្ពុជាលើឆាកអន្តរជាតិ។
កីឡាករចូលសញ្ជាតិខ្មែរទាំង៣នឹងក្លាយជាកម្លាំងសំខាន់បន្ថែមលើខ្សែបម្រើចូលសញ្ជាតិ យូឌៃ អូកាវ៉ា របស់ភ្នំពេញក្រោន, ខ្សែការពារ កាន់ ម៉ូ របស់វិសាខា និងខ្សែការពារ មីហ្ស៊ូណូ ហ៊ីការ៉ុ របស់ព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ជាមួយ ម៉ាឡេស៊ី នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
តាមសមត្ថភាពដែលពួកគាត់បង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជារយៈពេល៥ឆ្នាំកន្លងទៅគឺល្អគ្រប់គ្រាន់ឲ្យកម្ពុជាអាចមានលទ្ធផលល្អសម្រាប់ការប្រកួតលើឆាកអន្តរជាតិ ប៉ុន្តែអ្វីដែលថ្មីគឺពួកគាត់មិនទាន់បានលេងជាមួយគ្នាជាក្រុមឡើយ។
ការបញ្ចូលកីឡាករបរទេសក្នុងក្រុមបាល់ទាត់ជម្រើសជាតិតាមរយៈការផ្តល់សញ្ជាតិមិនមែនជារឿងថ្មីទេនៅក្នុងវិស័យបាល់ទាត់។ ប្រទេសជាច្រើននៅក្នុងពិភពលោក បានប្រើវិធីសាស្ត្រនេះ ដើម្បីពង្រឹងសមត្ថភាពក្រុមជម្រើសជាតិរបស់ខ្លួន បើទោះបីជាប្រទេសទាំងនោះ មានលីគអាជីពល្បីល្បាញទូទាំងពិភពលោក និងសំបូរកីឡាករល្អៗ លំដាប់ពិភពលោកក៏ដោយ៕