Rúben Amorim គឺជាអ្នកចាត់ការថ្មីរបស់ Manchester United ដែលបានចូលខ្លួនមកដឹកនាំបានចំនួន២ប្រកួតហើយ បន្ទាប់ពីចុះកុងត្រាដល់ឆ្នាំ ២០២៧ ក្រោយការផ្ទេរពី Sporting ។
ក្រោយការចូលកាន់តំណែងនេះលោកទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពី Fan របស់បិសាចក្រហម ដោយសារតែលោកបានសាងស្នាដៃជាច្រើននៅ Sporting ហើយយល់ព្រមចូលមកកាន់កន្លែងជំនួស Erik Ten Hag ដែលដឹកនាំបិសាចក្រហមមិនបានល្អទាល់តែសោះ។ ក្រោយការជួយក្រុមឲ្យឈ្នះ Bodø / Glimt របស់ប្រទេស ន័រវែស ៣-២ អ្នកចាត់ថ្មីរូបនេះបាននិយាយថា «អ្នកគាំទ្ររបស់បិសាចក្រហមពិតជាធ្វើឲ្យខ្ញុំមានភាពកក់ក្ដៅ ហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ថានេះជាផ្ទះរបស់ខ្ញុំយ៉ាងដូច្នេះដែរ។ វាពិតជាពិសេសណាស់ ខ្ញុំនឹងចង់ចាំវាទុករហូតដល់អាជីពរបស់ខ្ញុំត្រូវបានបញ្ចប់»។
ក្រៅពីការយកចិត្តទុកដាក់ និងដាក់ការជឿជាក់ពីអ្នកគាំទ្រ Rúben Amorim ក៏ទទួលបានការសរសើរពីកីឡាករគ្រប់គ្នាថា ពួកគេចូលចិត្តរបៀបលេងរបស់អ្នកចាត់ការថ្មីនេះ ព្រោះវាស្រដៀងទៅនឹងអ្វីដែលគេធ្លាប់បានលេងពីមុនមក។ ក្នុងនោះ Rasmus Højlund ម្ចាស់គ្រាប់បាល់ពីរគ្រាប់ដែលគេបានជួយក្រុមឲ្យយកឈ្នះ ៣-២ កាលពីយប់មិញនោះក៏បានលើកយកចំណុចពិសេសនៃប្រព័ន្ធលេងរបស់ Rúben Amorim ថា វាពិតជាពិសេស ព្រោះវាស្រដៀងទៅនឹងស្ទាយដែលគេធ្លាប់លេងកាលនៅ Atalanta ៕